ខ្ញុំដឹងថាអ្វីៗទាំងអស់ គឺជាផែនការរបស់ព្រះ ជាម្ចាស់ សម្រាប់ជីវិតរបស់ខ្ញុំ

ខ្ញុំឈ្មោះ សៅ នាង ដែលរស់នៅទីក្រុងភ្នំពេញ។ ខ្ញុំមានបងប្អូន៦នាក់ ខ្ញុំជាកូនទី៥ ហើយគ្រួសាររបស់ខ្ញុំ មានជីវភាពក្រីក្រ។ ស្រុកកំណើតរបស់ខ្ញុំ ភូមិដាច់ស្រយាលមួយ នៅក្នុងខេត្តកំពង់ឆ្នាំង ភាគច្រើននៅភូមិរបស់ខ្ញុំ មិនសូវមាននរណាបានរៀនចប់ថ្នាក់ទី១២ទេ ពីព្រោះសាលារៀន នៅឆ្ងាយពីផ្ទះខ្លាំងណាស់។ ដូច្នេះ កាលពីខ្ញុំរៀនចប់ថ្នាក់ទី៦ ត្រូវចូលរៀនថ្នាក់ទី៧ ប៉ុន្តែសាលារៀននោះឆ្ងាយណាស់ ដូច្នេះឪពុកម្តាយរបស់ខ្ញុំ មិនចង់អោយខ្ញុំទៅរៀនទេ ពីព្រោះ នៅភូមិរបស់ខ្ញុំ ភាគច្រើនមិនមានមនុស្សស្រីទៅរៀនទេ។ ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ ខ្ញុំបានអង្វរ ឪពុកម្តាយរបស់ខ្ញុំ រៀនបន្តទំាងឪពុកម្តាយរបស់ខ្ញុំ មិនពេញចិត្ត ប៉ុន្ដែ ឪពុកម្តាយរបស់ខ្ញុំ ក៏យល់ព្រម ហើយពួកគាត់អោយខ្ញុំរៀនត្រឹមថ្នាក់ទី៩ នៅពេលនោះខ្ញុំក៏យល់ព្រម។ នៅពេលខ្ញុំចូលរៀន ខ្ញុំត្រូវជិះកង់ទៅសាលាចំណាយពេលជិះ១ម៉ោង ពីព្រោះខ្ញុំត្រូវបណ្តើរកង់តាមថ្នលរទេះភ្លើង ១គីឡូម៉ែត្រ បន្ទាប់មកត្រូវឆ្លងស្ទឹង ហើយមកទើប អាចមានផ្លូវជិះកង់បាន ដូច្នេះត្រូវចំណាយពេលយូរ។ នៅពេលចេញពីរៀនមកដល់ផ្ទះភ្លាម ខ្ញុំតែងតែឆ្លៀតពេលដំាបន្លែនិងចិញ្ចឹម មាន់ទាដើម្បីរកប្រាក់ទៅរៀន។ ពីព្រោះ គោលបំណងរបស់ខ្ញុំ គឺត្រូវរៀនចប់សាកលវិទ្យាល័យ ដូច្នេះ បើទោះបីគ្រួសាររបស់ខ្ញុំ ក្រីក្រយ៉ាងណាក៏ដោយ ខ្ញុំបានតាំងចិត្តថា ខ្ញុំត្រូវសម្រេចគោលបំណងអោយបាន ដូច្នេះខ្ញុំត្រូវខិតខំប្រឹងប្រែងរៀន អោយពូកែដើម្បីទទួលអាហារូបករណ៍ នៅពេលខ្ញុំរៀនចប់ថ្នាក់ទី៩ ឪពុកម្ដាយបានអោយខ្ញុំឈប់ម្តងទៀត តែខ្ញុំបានប្រកែកយ៉ាងខ្លាំង និង អង្វរពួកគាត់ថា រៀនចប់ថ្នាក់ទី១២ ហើយឈប់ ដូច្នេះ ឪពុកម្ដាយរបស់ខ្ញុំក៏យល់ព្រម។ នៅពេលនោះខ្ញុំបានប្រឹងប្រែងរៀនខ្លាំងណាស់រហូតបានប្រលងជាប់ថ្នាក់ទី១២ ហើយខ្ញុំត្រួវប្រលងចូលមហាវិទ្យាល័យ ដើម្បីអាចទទួលអាហារូបករណ៍ នៅពេលនោះ ខ្ញុំបានប្រលងសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកភាសាកូរ៉េ ហើយខ្ញុំបានប្រលងជាប់អាហារូបករណ៍៤ឆ្នាំ ខ្ញុំពិតជាសប្បាយខ្លំាងណាស់ ព្រោះខ្ញុំបានសម្រេចគោលបំណងរបស់ខ្ញុំ។ នៅពេលចូលរៀននៅសាកលវិទ្យាល័យ វាពិតជាពិបាកខ្លាំង ព្រោះភាសាកូរ៉េ ខ្ញុំមិនដែលរៀនពីមុនមក នៅពេលឆ្នាំទី២ ខ្ញុំបានស្គាល់លោកគ្រូគង្វាល គីម ចុងស៊ីក និង ប្រពន្ធរបស់គាត់ ហើយខ្ញុំបានទទួលជឿលើព្រះយេស៊ូវ និង ទទួលជ្រមុជទឹកតាមរយៈលោកគ្រូ។ ពេលខ្ញុំបានជឿលើព្រះយេស៊ូវជីវិតរបស់ខ្ញុំ មានការផ្លាស់ប្តូរជាច្រើន ហើយលោកគ្រូបានបង្រៀន អោយខ្ញុំចេះអធិស្ឋាន។ ខ្ញុំបានអធិស្ឋានដំបូង គឺ អធិស្ឋានសុំមានការងារល្អធ្វើ ក្រោយពីខ្ញុំ អធិស្ឋានបានប្រហែលជាមួយអាទិត្យ ព្រះជាម្ចាស់ទ្រង់បានឆ្លើយតប។ ពេលនោះ ខ្ញុំពិតជាមានអំណរយ៉ាងខ្លាំង ហើយខ្ញុំដឹងថាអ្វីៗទាំងអស់ គឺជាផែនការរបស់ព្រះជាម្ចាស់ សម្រាប់ជីវិតរបស់ខ្ញុំ នៅពេលខ្ញុំមានផលលំបាក ខ្ញុំតែងតែ អធិស្ឋានរាល់ថ្ងៃ ហើយព្រះជាម្ចាស់បានធ្វើការអស្ចារ្យ សម្រាប់ខ្ញុំច្រើនណាស់។ ខ្ញុំបានរៀនចប់នៅសាកលវិទ្យាល័យ ហើយបានធ្វើការ នៅក្រុមហ៊ុនកូរ៉េ ធ្វើជាអ្នកបកប្រែភាសាកូរ៉េ ពេលនោះ ខ្ញុំគិតថា បើខ្ញុំរៀនផ្នែកគណនី នោះមានប្រយោជន៍ សម្រាប់ការងាររបស់ខ្ញុំ ដូច្នេះ ក្រោយម៉ោងសម្រាក់ការងារខ្ញុំបានទៅរៀន ផ្នែកគណនី នៅវិទ្យាស្ថាន ពេលយប់ជារៀងរាល់ថ្ងៃ រយៈពេល១ឆ្នាំ។ ដូច្នេះ ឥឡូវនេះ ខ្ញុំកំពុងធ្វើការនៅក្រុមហ៊ុនកូរ៉េ ជាអ្នកគ្រប់គ្រង់ម្នាក់ដែលបកប្រែភាសាកូរ៉េ និង ផ្នែកគណនី ហើយបានទទួលប្រាក់ខែខ្ពស់ជាងអ្នកធម្មតា ខ្ញុំពិតជាមានអំណរខ្លាំងណាស់ ខ្ញុំជឿជាក់ថាព្រះទ្រង់នឹងប្រទានពរដល់អ្នករាល់គ្នា។

ពីព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ (ព្រះគម្ពីរ សុភាសិត៥៖២១)
អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់ (ព្រះគម្ពីរ ទំនុកដំកើង ៣២៖៨)

សូមចុចអានអំពីសេចក្តីអធិស្ឋាន