នៅខែមករាឆ្នាំថ្មី២០១៧ ខ្ញុំបានទៅសាលាបឋមសិក្សាកំពង់ត្របែកខេត្ដព្រៃវែង នៅពេលត្រឡប់មកភ្នំពេញវិញ ស្ត្រីម្នាក់ឈ្មោះថា អំ សាមិត្ដ ជិះឡានជាមួយខ្ញុំ។
គាត់មានបំណងចង់ជួបកូនប្រុស កំពុងរៀន នៅសាកលវិទ្យាល័យពេទ្យ ក្នុងទីក្រុងភ្នំពេញ គាត់បានយកអង្ករយ៉ាងធ្ងន់ ហើយដាក់នៅខាងក្រោយ ប៉ុន្ដែគាត់កាន់ថង់១។
ថង់១ដែលគាត់កាន់នៅក្នុងដៃ ហើយជិះឡាននៅខាងក្នុងនោះ គឺជាត្រីទឹកសាបធំៗដែលស្រស់ស្អាត គាត់យកទៅ ផ្ញើរកូនៗនៅទីក្រុងភ្នំពេញ។
គាត់យកត្រីដាក់ថង់ប្លាស្ទិចហើយធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីធ្វើម្ហូបសម្រាប់កូនៗជាទីស្រឡាញ់ របស់គាត់ នេះបង្ហាញថា គាត់មានចិត្តស្រលាញ់ ចំពោះ កូនៗរបស់គាត់ដោយមិនគិត អំពី ការនឿយហត់ឡើយ។
ពីស្រុកកំណើតរបស់គាត់មកដល់ទីក្រុងភ្នំពេញមានចម្ងាយ ១៣០គីឡូម៉ែត្រ ពេលដែលខ្ញុំជាបេសកជន បើកឡាន រយៈពេល៣ម៉ោង គាត់កាន់ថង់ដែលមានត្រីនៅរស់រហូត។
ថ្ងៃទី០២ខែមករា ឆ្នាំ២០១៧ ខ្ញុំបានទទួលការប៉ះពាល់ចិត្ដមកពីព្រះជាម្ចាស់ថាៈ ព្រះអម្ចាស់ចង់ប្រទានរបស់ល្អ ដល់ កូនរបស់ព្រះជាម្ចាស់ ដែលព្រះទ្រង់បានជ្រើសរើសនៅលើផែនដីនេះ តាមរយៈការដែលបានជួបស្រ្ដីនោះ ដោយចៃដន្យ។
មែនហើយព្រះជាម្ចាស់ប្រទានរបស់ល្អដល់យើង ជាកូនរបស់ព្រះជាម្ចាស់ មានព្រះបន្ទូលក្នុងព្រះគម្ពីរថាៈ ដ្បិតទ្រង់ប្រោសព្រលឹងដែលសង្វាត ឲ្យបានស្កប់ស្កល់ហើយទ្រង់ចំអែតព្រលឹងដែលស្រេកឃ្លានដោយសេចក្តីល្អ (ព្រះគម្ពីរ ទំនុកដំកើង១០៧:៩)
ព្រះជាម្ចាស់មានព្រះបន្ទូលក្នុងព្រះគម្ពីរ ម៉ាថាយ៧:១១ថា ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត។ ដូច្នេះ ឥឡូវនេះសូមអធិស្ឋានទួលអង្វរដល់ព្រះជាម្ចាស់។
ព្រះជាម្ចាស់ចង់ជួបពួកយើង នៅថ្ងៃនេះតាមរយៈ សេចក្ដីអធិស្ឋានរបស់យើង សូមអធិស្ឋានហើយសូមទទួលការ ឆ្លើយតបសេចក្ដីអធិស្ឋាន និង អរព្រះគុណរបស់ព្រះជាម្ចាស់។
៧ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ៨ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ ៩ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ១០ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី ១១ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត។ (ព្រះគម្ពីរម៉ាថាយ៧:៧-១១)
ចូរព្យាយាមក្នុងសេចក្តីអធិស្ឋាន ទាំងចាំយាមក្នុងសេចក្តីនោះឯង ដោយពាក្យអរព្រះគុណ (ព្រះគម្ពីរ កូឡូស៤:២)