ព្រះគុណសម្រាប់ជីវិតខ្ញុំ និង ការតស៊ូ រហូតដល់បញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យ

នាងខ្ញុំឈ្មោះ ឈន ស៊ីនួន មានអាយុ​២៦ឆ្នាំ មានស្រុកកំណើតនៅខេត្ដព្រៃវែង ជាអ្នកជឿលើ ព្រះយេស៊ូវ តាំងពីកុមារភាព មកម្ល៉េះ ហើយគ្រួសាររបស់ខ្ញុំជាគ្រីស្ទបរិស័ទ។ សព្វថ្ងៃនេះ ខ្ញុំជាបុគ្គលិកបម្រើការងារនៅក្នុងអង្គការឯកជនមួយ ដែលមានតួនាទីជាប្រធាន គ្រប់គ្រង គម្រោងជួយដល់ស្រ្តីរងគ្រោះដោយសារការជួញដូរមនុស្ស នៅទីក្រុងភ្នំពេញ គឺជាអង្គការគ្រីស្ទាន។ នៅក្នុងជីវិតរបស់ខ្ញុំ បើសិន ជាខ្ញុំក្រឡេកមើលទៅកាលពីពេលដប់ឆ្នាំមុន ខ្ញុំគ្រាន់តែជាក្មេងស្រីម្នាក់ដែលគ្មានចំណេះដឹងអ្វីទាល់តែសោះ។ ពេលនោះ ខ្ញុំបានឈប់ពីការសិក្សា ដើម្បីស្វែងរកការងារ ធ្វើនៅទីក្រុងភ្នំពេញ ដោយសារតែជីវភាព គ្រួសារមានការលំបាក និង ខ្វះខាត នៅពេលដំបូង ដែល ខ្ញុំបានមកដល់ទីក្រុង ខ្ញុំទទួលបានការងារគឺជាអ្នកសំអាត នៅអង្គការមួយ ជាការងារ ក្រៅម៉ោង ១សប្តាសហ៍ ធ្វើបីថ្ងៃ ហើយទទួលបានប្រាក់ឈ្នួលតិចតូច តែប៉ុណ្ណោះ និង មិនសូវ ទទួលបាន ការអោយតម្លៃពីសង្គមប៉ុន្មានទេ។ ប៉ុន្ដែ ជាមួយនឹងការងារបែបនេះ ខ្ញុំមិនដែលអស់សង្ឃឹម នៅក្នុង ជីវិតរបស់ខ្ញុំឡើយ បន្ទាប់មកទៀត ខ្ញុំស្វែងរកការងារ បន្ថែម មួយទៀត ដោយសារប្រាក់ឈ្នួល ទទួលបានមិនគ្រប់គ្រាន់ គឺខ្ញុំបានធ្វើការងារ តាមផ្ទះ បន្ថែម ដែលជូតបោសសំអាតផ្ទះ បោកអ៊ុតខោអាវ និង ធ្វើម្ហូបអារហា ដល់ គ្រួសារជនបរទេសមួយ វាពិតជាមិនងាយស្រួលនោះទេ ក្នុងការធ្វើការងារ បែបនេះ ដែលត្រូវប្រើកម្លាំង ចាប់តាំងពីព្រឹករហូតដល់ល្ងាច ដើម្បីដូរយកប្រាក់ឈ្នួលមកវិញ។ ទោះបី យ៉ាងណា ខ្ញុំក៏នៅតែខំប្រឹង ធ្វើវាអោយអស់ពីសមត្ថភាពរបស់ខ្ញុំ ដើម្បីទទួលបានប្រាក់សម្រាប់ផ្គត់ផ្គង់ ខ្លួនឯង និងជួយ ដល់ ក្រុមគ្រួសាររបស់ខ្ញុំ។ បើទោះបី ជាការងារបែបនេះ ក្តី ខ្ញុំមិនដែលបោះបង់ចោល ក្តីស្រមៃ និង ក្តីសង្ឃឹមរបស់ខ្ញុំឡើយ ខ្ញុំតែមាននិមិត្ដថា ជីវិតរបស់ខ្ញុំ នឹង មានការរីកចម្រើនជាងនេះ នៅថ្ងៃខាងមុខ ហើយនៅពេលនោះ ខ្ញុំមានពេលវេលាសម្រាកតែ​១ម៉ោង នៅពេលថ្ងៃត្រង់ខ្ញុំក៏ឆ្លៀត ពេល ដើម្បីរៀនភាសាអង់គ្លេស នៅកន្លែងធ្វើការដែលមានអ្នកគ្រូបរទេសចិត្តល្អម្នាក់ គាត់ជួយបង្ហាត់ បង្រៀន ដល់ ខ្ញុំ ក្នុងមួយសប្តាសហ៍ពីរថ្ងៃ និង រៀនប្រហែល ២៥ នាទី បន្ទាប់មក ខ្ញុំក៏ចាប់ផ្តើមចេះអាន អេ បី​ ស៊ី និង មានបុគ្គលិកខ្មែរម្នាក់ គាត់ផ្តល់ឱកាសអោយខ្ញុំរៀនប្រើកុំព្យូទ័ររបស់គាត់ នៅពេលគាត់ សម្រាកទៅពិសាអាហារថ្ងៃត្រង់ ខ្ញុំបានរៀនចេះ និង ទទួលបានចំណេះដឹងខ្លះៗពីពួកគាត់ បន្ទាប់មក ខ្ញុំក៏ទទួលបានដំណឹងថា នៅក្រុមជំនុំគ្រីស្ទបរិស័ទមួយមានបង្រៀនភាសាអង់គ្លេសមិនបង់ប្រាក់ គឺ ក្រុមជំនុំជីវិតថ្មីភ្នំពេញថ្មីខ្ញុំពិតជាមានអំណរខ្លាំងណាស់ ដោយសារខ្ញុំគិតថា ខ្ញុំនឹងអាចចេះ ភាសាអង់គ្លេសបានខ្លះ ដូចអ្នកដទៃ ហើយមិនចាំបាច់ត្រូវចំណាយថវិកា ក្នុងការបង់ថ្លៃ សិក្សា ខ្ញុំក៏បានមករៀន នៅទីនោះ  ដោយជិះកង់មករៀនប្រហែល៦ គីឡូម៉ែតជាមួយ និង ផ្លូវដែល ពិបាកធ្វើដំណើរ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសប្បាយចិត្ត ពីព្រោះ បានរៀនអី្វដែលខ្ញុំប្រាថ្នាចង់រៀន ចង់ចេះ ខ្ញុំបានរៀនភាសាអង់គ្លេស នៅទីនោះ ប្រហែល ២ឆ្នាំ។ ក្រោយមកទៀត ខ្ញុំបានដាក់ពាក្យ ប្រលងជាសិស្សបំពេញវិជ្ជាស្វ័យរិន បន្ទាប់មក ព្រះយេស៊ូវបានប្រទានពរដល់ខ្ញុំ គឺខ្ញុំបានប្រលង ជាប់បាក់ឌុប ពេលនោះ ខ្ញុំក៏មានឱកាសចូលរៀន នៅសាកលវិទ្យាល័យ ហើយខ្ញុំក៏បានសន្សំលុយខ្លះៗ ទុករៀនបន្តនៅសាលា នៅថ្ងៃមួយក្តីសង្ឃឹមរបស់ខ្ញុំក៏បានក្លាយជាការពិត គឺខ្ញុំក៏មានឱកាសបន្ត ការសិក្សា នៅសាកលវិទ្យាល័យ ផ្នែកភាសាសម្រាប់ការទំនាក់ទំនង ខ្ញុំក៏ចាប់ផ្តើមផ្លាស់ប្តូរ ការងារ ពីអ្នកអនាម័យ មកធ្វើជាអ្នកទទួលភ្ញៀវ នៅសាលាអន្តរជាតិឯកជនមួយ ហើយខ្ញុំនៅតែបន្តធ្វើការងារ បណ្ដើរ និង រៀនបណ្ដើរ ដោយសិក្សានៅវេនពេលយប់ ជីវិតរបស់ខ្ញុំបានតស៊ូ ក្នុងការធ្វើការងារ ដើម្បី រកលុយបន្តការសិក្សាដោយខ្លួនឯង រួមជាមួយគោលបំណង និង ក្តីសង្ឃឹមថា ជីវិតរបស់ខ្ញុំនឹង មានការរីកចម្រើន ហើយមិននៅដ៏ដែលនោះទេ បើសិនខ្ញុំចេះតស៊ូ និង មានសេចក្តីសង្ឃឹមជានិច្ច។ ខ្ញុំពិតជាអរគុណ ដល់ ព្រះជាម្ចាស់ខ្លាំងណាស់ ដែលទ្រង់បានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ រហូតមកដល់ សព្វថ្ងៃនេះ គឺ ខ្ញុំបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យដោយជោគជ័យ និង មានការងារល្អ ដែលខ្លួនឯង ស្រលាញ់ ហើយក៏ជាផ្នែកមួយដែលជួយទៅដល់មនុស្សដទៃផ្សេងទៀត តាមរយៈការងារ របស់ខ្ញុំដែលកំពុងធ្វើនេះ។ ខ្ញុំមិនដែលស្តាយក្រោយ នៅទុក្ខលំបាក ដែលខ្ញុំបានឆ្លងកាត់នោះទេ តែវាជារសជាតិជីវិតដែលមានន័យបំផុតសម្រាប់បង្រៀនខ្ញុំ អោយមានភាពរឹងមាំ និង ចេះតស៊ូ ដើម្បីទទួលបានភាពរីកចម្រើន និង ជោគជ័យ។ ខ្ញុំចង់ប្រាប់បងប្អូនថា ខ្ញុំបានទទួលអ្វីៗទាំងអស់នេះ គឺជាព្រះគុណរបស់ព្រះជាម្ចាស់ ដែលផ្ដល់សម្រាប់ជីវិតរបស់ខ្ញុំ ហើយទ្រង់គឺជាសេចក្ដីសង្ឃឹម សម្រាប់ជីវិតរបស់ខ្ញុំ សូមទទួលជឿលើព្រះយេស៊ូវ ហើយទុកចិត្ដលើទ្រង់ចុះ ព្រះយេស៊ូវស្រលាញ់ខ្ញុំ និង បងប្អូនទាំងអស់គ្នាដែរ។

 ចិត្ត​របស់​មនុស្ស​រមែង​គិត​សំរេច​ផ្លូវ​របស់​ខ្លួន តែ​គឺ​ព្រះយេហូវ៉ា​ដែល​ទ្រង់​ដំរង់​ជំហាន​គេ​វិញ។ (ព្រះគម្ពីរ សុភាសិត១៦៖៩)

ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះយេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង នឹង​បាន​សំរេច។ (ព្រះគម្ពីរ សុភាសិត១៦៖៣)

សូមចុចអានអំពីសេចក្តីអធិស្ឋាន