Home Testimony តុន ម៉ើ ហៅថា “ម៉ា”

តុន ម៉ើ ហៅថា “ម៉ា”

0

 

តុន​ ម៉ើ ហៅថា “ម៉ា” (អាយុ 58ឆ្នាំ)

ក្រោយពេលទទួលជឿព្រះយេស៊ូវ ខ្ញុំបានទទួលកាដូ 3 យ៉ាង

នាងខ្ញុំឈ្មោះ តុន ម៉ើ មានអាយុ 58ឆ្នាំ ប្ដីខ្ញុំឈ្មោះ អូន រីម មានកូន 4នាក់ ស្រី 2 ប្រុស 2 មានទីលំនៅ ភូមិ បចាម ឃុំ ចំបក់ ស្រុក បាទី ខេត្ត តាកែវ។ នៅឆ្នាំ 1997 ខ្ញុំបានធ្លាក់ខ្លួនឈឺ កើតជម្ងឺមហារីកស្បូនហូរឈាម មិនឈប់សោះ ខ្ញុំត្រូវវះកាត់ចំនួន 2ដង លោកគ្រូពេទ្យវះកាត់យកទាំងដុំសាច់ និងស្បូនខ្ញុំកាត់ចោលចេញមកក្រៅទាំងអស់។ ខ្ញុំឈឺរ៉ាំរ៉ៃវះកាត់ហើយ តែក្នុងខ្លួនខ្ញុំដូចជាមិនបានជាសោះ ហើយក៏មានវិញ្ញាណពួកអារក្សសាតាំង ឈ្មោះថា អ្នកតាក្រពើ វាបានមកចូលក្នុងរាងកាយខ្ញុំទៀត ឲ្យស្នងរូបបន្តពីម្ដាយខ្ញុំជាអ្នកស្នងរូបឲ្យអារក្ស ជាន់រូបតាមទំនៀមទំលាប់តៗគ្នាតាំងពីជីដូនជីតាខ្ញុំមក។ បើរូបចាស់ស្លាប់ទៅត្រូវតែរើសយកកូន ឬចៅៗណាម្នាក់បន្តទៀត គ្រួសារខ្ញុំមានគ្រូខាងឪពុកខាងម្ដាយ ជាអ្នកកាន់រូប ក្នុងចំណោមកូនៗ 6នាក់ គេរើសចំខ្ញុំ កូនទី 3។ ខ្ញុំប្រកែកមិនព្រមធ្វើរូបស្នងចូលរូបឲ្យអារក្សជាដាច់ខាត ខ្ញុំឈឺវះកាត់ផង មានអារក្សចូលខ្ញុំផង  ខ្ញុំប្រកាច់ននៀលដី ស្រែករោហ៍ដូចជាសត្វក្រពើអញ្ចឹង រួចវារចុះទៅក្នុងទឹកស្រះផ្អើលអស់អ្នកស្រុកភូមិខ្ញុំ ពួកគេនាំគ្នារត់មកឈរមើលខ្ញុំ ទាំងយំអាណិតខ្ញុំគ្រប់ៗគ្នា ខ្ញុំឈឺជាងបីឆ្នាំ ដោយវិញ្ញាណអាក្រក់ចូលផង ខ្ញុំវះកាត់ផង ខ្ញុំលក់អស់គោ ក្របី ដី ស្រែចម្ការ យកលុយមកមើលជម្ងឺខ្ញុំអស់គ្មានសល់ទេ។ ពេលដែលខ្ញុំឈឺជាងបីឆ្នាំនោះ គឺធ្ងន់ធ្ងរខ្លាំងណាស់ ជម្ងឺខ្ញុំមើលមិនជាសោះ ជីវិតចុងក្រោយខ្ញុំសូម្បីទ្រព្យសម្បត្តិក៏ខ្ញុំលក់អស់គ្មានសល់អ្វីទេ រីឯនាងខ្ញុំនៅឈឺធ្ងន់ធ្ងរ ដង្ហើមចុងក្រោយជិតស្លាប់ទៀត ខ្ញុំត្រូវធនាគារ អេស៊ីលីដា រឹបអូសដីផ្ទះខ្ញុំទៀត ពីព្រោះខ្ញុំយកប្លង់ដីផ្ទះខ្ញុំទៅប្រចាំធនាគារចំនួន 2000$ យកលុយទៅវះកាត់ជម្ងឺខ្ញុំ។ ខ្ញុំត្រូវប្ដីខ្ញុំឈ្មោះ អូន រីម គេខឹងខ្ញុំថាប៉ុនឈឺពេក ឈឺអីៗ គាត់ខឹងខ្ញុំឈឺច្រើនពេក ប្ដីខ្ញុំគេនាំស្រីក្មេងរត់ចោលខ្ញុំនិងកូន 4នាក់ គេនាំស្រីថ្មីរត់ទៅនៅស្រុកថៃបាត់ចោលខ្ញុំនិងកូន។

ជីវិតចុងក្រោយ ខ្ញុំលក់អស់គោ ក្របី ដី ស្រែចម្ការ ធ្លាក់ខ្លួនក្រខ្សត់ទាល់ក្រ ជម្ងឺខ្ញុំធ្ងន់ធ្ងរជិតស្លាប់ រីឯប្ដីខ្ញុំក៏នាំស្រីថ្មីរត់ចោលខ្ញុំនិងកូន4នាក់ ធនាគារ អេស៊ីលីដា​ ក៏រឹបអូសយកដីផ្ទះខ្ញុំ នេះជាជីវិតខ្ញុំមុនពេលជឿព្រះយេស៊ូវ។ ហើយខ្ញុំជាស្ត្រីម្នាក់អត់ចេះអក្សរទេ ខ្ញុំធំឡើងជួបតែសង្គ្រាមលន់នុល ខ្មែរក្រហមប៉ុលពត ដែលកាប់សម្លាប់ខ្មែរគ្នាឯង។ ខ្ញុំជាស្ត្រីម្នាក់ល្ងឹតល្ងង់ មិនចេះអក្សរទេ និងជាម្ដាយម្នាក់ត្រូវដើរតួធ្វើជា ឪពុកផង ម្ដាយផង មើលថែទាំកូន 4នាក់។

នៅថ្ងៃទី 28 ខែ 08 ឆ្នាំ 2000 ខ្ញុំក៏បានឮដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ ថាជាព្រះដ៏ពិត ជាព្រះអង្គសង្គ្រោះបាបមនុស្សលោកយើងបានពិតៗ ខ្ញុំឮដំណឹងល្អនេះ តាមរយៈប្អូនជីដូនមួយខ្ញុំ ឈ្មោះ ទូច បូរ៉ាន់។ នាងខ្ញុំបានទទួលជឿព្រះយេស៊ូវតាមរយៈប្អូនខ្ញុំ គាត់ផ្សាយដំណឹងល្អប្រាប់ខ្ញុំ គាត់បានអានព្រះបន្ទូលឲ្យខ្ញុំស្ដាប់ ព្រោះខ្ញុំអត់ចេះអក្សរទេ តែខ្ញុំចាំបាននៅក្នុងចិត្តខ្ញុំ រហូតមកមិនដែលភ្លេចទេ។ គឺនៅក្នុងព្រះគម្ពីរ លូកា 4:18 , យ៉ូហាន 3:16 , យ៉ូហាន 4:16 , ម៉ាថាយ 10:1-2 គឺជាព្រះបន្ទូលព្រះដ៏ពិត ទាំង 5ជំពូកនេះហើយ ដែលបានចូលដល់ក្នុងបេះដូងខ្ញុំ។ ម៉ាថាយ 11:28-30 ពេលនេះហើយដែលខ្ញុំកំពុងមានទុក្ខលំបាកវេទនាទាល់ក្រ ឈឺផង មានអារក្សសាតាំងចូលផង ខ្ញុំត្រូវការព្រះជួយខ្ញុំ គឺព្រះបន្ទូលដ៏ពិតជាព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះបាបខ្ញុំពិតៗ។

ខ្ញុំសូមអរព្រះគុណដល់ព្រះយេស៊ូវគ្រីស្ទ ទ្រង់បានផ្ដល់ជីវិតថ្មីដល់នាងខ្ញុំវិញ ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះបន្ទូលដ៏ពិត ជាព្រះបន្ទូលដ៏រស់ ជាទឹកដ៏រស់ ព្រះអង្គទ្រង់មានអំណាចព្រះចេស្ដា

  1. ទ្រង់ប្រោសខ្ញុំជាពីជម្ងឺ
  2. ទ្រង់ស្រាយខ្ញុំឲ្យរួចពីអារក្សសាតាំង
  3. ទ្រង់ជួយរំដោះខ្ញុំឲ្យរួចពីភាពក្រីក្រ

ដោយសារជំនឿលើអង្គព្រះយេស៊ូវគ្រីស្ទ ទ្រង់បានប្រទានដល់ខ្ញុំជាស្ត្រីមេម៉ាយ ប្ដីរស់នេះពិតៗ ខ្ញុំមានកូនស្រីទី 2 គាត់មានគ្រួសារ អ្នកជឿព្រះយេស៊ូវដូចគ្នាដែរ ខ្ញុំបានកូនប្រសារប្រុសនេះហើយ ដែលព្រះចាត់បញ្ជូនមកជួយខ្ញុំ ដោយយកលុយចំនួន 2000$ ទៅលោះប្លង់ដីផ្ទះ ខ្ញុំបានយកមកវិញចែកបងប្អូននៅ រួមទាំងខ្ញុំដែលជាម្ដាយ យើងនៅជុំគ្នា។ ខ្ញុំសូមអរព្រះគុណព្រះយេស៊ូវគ្រីស្ទ ជីវិតខ្ញុំបើគ្មានព្រះយេស៊ូវជួយទេ គឺខ្ញុំស្លាប់បាត់ហើយ ខ្ញុំអរគុណព្រះយេស៊ូវ ទ្រង់ជួយខ្ញុំពិតមែន។ បន្ទាល់ខ្ញុំពិត ពេលខ្ញុំទទួលជឿព្រះយេស៊ូវហើយបាន 4ខែ ព្រះអង្គទ្រង់ត្រាស់ហៅខ្ញុំ ទាំងរូបនាងខ្ញុំនៅមិនទាន់ចេះអក្សរនៅឡើយទេ។ ខ្ញុំក៏មិនបានដឹងដែរថានៅក្នុងព្រះគម្ពីរបរិសុទ្ធ គេនិយាយពីអ្វីទេ ខ្ញុំគ្រាន់តែទៅស្ដាប់ព្រះបន្ទូលព្រះ តាមរយៈគ្រូបង្រៀនប៉ុណ្ណោះ។ នៅថ្ងៃទី 11 ខែ 11 “នៅយប់នោះ ខ្ញុំសុបិនឃើញមានបុរសម្នាក់ តែងតាំងរូបនាងខ្ញុំឲ្យធ្វើជាទូត នាំសំបុត្ររបស់គាត់ទៅប្រាប់មនុស្សនៅលើផែនដីនេះ ឲ្យគេបានដឹងខ្លួនផង។ ខ្ញុំឆ្លើយថា ខ្ញុំអត់ចេះអក្សរផង តើលោកឲ្យខ្ញុំធ្វើទូតរត់សំបុត្រឲ្យលោកយ៉ាងម៉េចកើតទៅ?” សំណួរឆ្លើយឆ្លងគ្នាក្នុងសុបិនរបស់ខ្ញុំ។ នៅក្នុងយប់នោះ បុរសនោះក៏បានសន្យាជាមួយខ្ញុំចំនួន 3ដងថា “កុំភ័យអី ខ្ញុំនៅជាមួយអ្នក ជាទូតខ្ញុំ ព្រោះអ្នកបានកើតជាថ្មី ហើយឈ្មោះថ្មី អ្នកជាទូតខ្ញុំ ម៉ា” ហើយខ្ញុំយល់ព្រមធ្វើជាទូត ឲ្យបុរសនោះ ដែលខ្ញុំមិនស្គាល់គាត់ផង។ មុនពេលដែលបុរសនោះគាត់បានលាខ្ញុំចេញទៅក្នុងយប់នោះ គាត់បានប្រាប់អំពីហេតុការដល់ខ្ញុំជាទូតគាត់ 5យ៉ាង ជាអាថ៌កំបាំងដែលខ្ញុំមិនអាចនិយាយបាន ពីព្រោះមិនទាន់ដល់កំណត់នៅឡើយទេ ដែលខ្ញុំត្រូវនិយាយសុំទុកក្នុងចិត្តខ្ញុំសិន ពីព្រោះខ្ញុំបានសន្យាជាមួយបុរសនោះទាំងចុះហត្ថលេខា។ ក្រោយមកខ្ញុំក៏ខំព្យាយាមរៀនអក្សរអក្ខរកម្មចំនួន 3ខែ ខ្ញុំអានព្រះគម្ពីរបានរួចរិលតែម្ដង តែខ្ញុំអត់ចេះសរសេរបានទេ ខ្ញុំខំព្យាយាមរៀនសរសេរអក្សរបានតិចៗ ហើយខ្ញុំក៏ចូលរៀនសិក្ខាសាលានៅព្រះវិហារ ឈ្មោះ ព្រះបន្ទូលនៃជីវិត កាលនោះមិនសូវមានព្រះវិហារច្រើនដូចឥឡូវនេះទេ មានតែព្រះវិហារមួយនេះនៅឆ្ងាយពីផ្ទះខ្ញុំ ប្រហែល 7 គីឡូម៉ែតដីឯណ្ណោះ។ ខ្ញុំជិះកង់ឡើងទៅម៉ោង 4 ម៉ោង 7 ខ្ញុំទៅដល់ ខ្ញុំរៀននៅម៉ោង 8 ខ្ញុំរៀនមាន 4 វគ្គមួយឆ្នាំពេញ។ ទី 1 ព្រះបន្ទូលនៃព្រះ , ទី 2 ព្រះកាយរបស់ព្រះយេស៊ូវ , ទី 3 ព្រះវិញ្ញាណដ៏បរិសុទ្ធ , ទី 4 ទីចម្រូតរបស់ព្រះអម្ចាស់។

ខ្ញុំជ្រមុជទឹក ថ្ងៃទី 25 ខែ ០3 ឆ្នាំ 2005 ខ្ញុំចេញផ្សាយដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ និងដាំក្រុមជំនុំនៅក្នុងភូមិស្រុកខ្ញុំ ក៏មានអ្នកប្រែចិត្តទទួលជឿព្រះអង្គតាមរយៈនាងខ្ញុំ មាន 15គ្រួសារ មានសមាជិក គ្រួសារ ចំនួន 34នាក់ មានក្រុមតូចៗ 3កន្លែង (អង្គារ ​, ពុធ , សៅរ៍)។ សព្វថ្ងៃនេះខ្ញុំជាគ្រូផ្សាយដំណឹងល្អ ក៏ជាចាស់ទុំមើលថែទាំព្រលឹងវិញ្ញាណកូនចៀមនៃព្រះយេស៊ូវគ្រីស្ទ។ យ៉ូហាន 21:15-17 , កិច្ចការ​ 20:28 នេះហើយជាស្មបន្ទាល់ពិតអំពីព្រះយេស៊ូវគ្រីស្ទ និងជីវិតពិតរបស់នាងខ្ញុំ ជាអ្នកបម្រើព្រះអង្គ។

ជាទីបញ្ចប់ បើមានការខុសឆ្គងលើសលោះ ព្រោះនាងខ្ញុំមិនសូវចេះសរសេរអក្សរបានស្អាតទេ ខុសខ្លះត្រូវខ្លះ សូមមេត្តាអភ័យទោសផង ពីខ្ញុំ តុន ម៉ើ ហៅ ម៉ា។

សូមព្រះប្រទានពរ!

ថ្ងៃទី 02-02-2021

“ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ និងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច”។ (ព្រះគម្ពីរ លូកា 4 : 18)

បងប្អូនណា ដែលអានទីបន្ទាល់របស់ខ្ញុំហើយ ចង់ដឹងអំពីព្រះយេស៊ូវ
សូមអញ្ជើញមកព្រះវិហារ អេម៉ាញូអែល (Immanuel Church)
លោកគ្រូគង្វាល 015 653 561 / អ្នកដឹកនាំ 016 360 454
ភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ

សូមចុចអានអំពីសេចក្តីអធិស្ឋាន

Exit mobile version