នៅខែមករាឆ្នាំថ្មី២០១៧ ខ្ញុំបានទៅសាលាបឋមសិក្សាកំពង់ត្របែកខេត្ដព្រៃវែង នៅពេលត្រឡប់មកភ្នំពេញវិញ ស្ត្រីម្នាក់ឈ្មោះថា អំ សាមិត្ដ ​​​ជិះឡានជាមួយខ្ញុំ។

គាត់មានបំណងចង់ជួបកូនប្រុស កំពុងរៀន នៅសាកលវិទ្យាល័យពេទ្យ ក្នុងទីក្រុងភ្នំពេញ គាត់បានយកអង្ករយ៉ាងធ្ងន់ ហើយដាក់នៅខាងក្រោយ ប៉ុន្ដែគាត់កាន់ថង់១។

ថង់១ដែលគាត់កាន់នៅក្នុងដៃ ហើយជិះឡាននៅខាងក្នុងនោះ គឺជាត្រីទឹកសាបធំៗដែលស្រស់ស្អាត គាត់យកទៅ ផ្ញើរកូនៗនៅទីក្រុងភ្នំពេញ។

គាត់យកត្រីដាក់ថង់ប្លាស្ទិចហើយធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីធ្វើម្ហូបសម្រាប់កូនៗ​ជាទីស្រឡាញ់ របស់គាត់ នេះបង្ហាញថា គាត់មានចិត្តស្រលាញ់ ចំពោះ កូនៗរបស់គាត់ដោយមិនគិត អំពី ការនឿយហត់ឡើយ។

ពីស្រុកកំណើតរបស់គាត់មកដល់ទីក្រុងភ្នំពេញមានចម្ងាយ ១៣០គីឡូម៉ែត្រ ពេលដែលខ្ញុំជាបេសកជន បើកឡាន រយៈពេល៣ម៉ោង គាត់កាន់ថង់ដែលមានត្រីនៅរស់រហូត។

ថ្ងៃទី០២ខែមករា ឆ្នាំ២០១៧ ខ្ញុំបានទទួលការប៉ះពាល់ចិត្ដមកពីព្រះជាម្ចាស់ថាៈ ព្រះអម្ចាស់ចង់ប្រទានរបស់ល្អ ដល់ កូនរបស់ព្រះជាម្ចាស់ ដែលព្រះទ្រង់បានជ្រើសរើសនៅលើផែនដីនេះ តាមរយៈការដែលបានជួបស្រ្ដីនោះ ដោយចៃដន្យ។

​​មែនហើយព្រះជាម្ចាស់ប្រទានរបស់ល្អដល់យើង ជាកូនរបស់ព្រះជាម្ចាស់ មានព្រះបន្ទូលក្នុងព្រះគម្ពីរថាៈ  ដ្បិត​ទ្រង់​ប្រោស​ព្រលឹង​ដែល​សង្វាត ឲ្យ​បាន​ស្កប់ស្កល់ហើយ​ទ្រង់​ចំអែត​ព្រលឹង​ដែល​ស្រេក​ឃ្លានដោយ​សេចក្តី​ល្អ (ព្រះគម្ពីរ ទំនុកដំកើង១០៧:៩)

ព្រះជាម្ចាស់មានព្រះបន្ទូលក្នុងព្រះគម្ពីរ ម៉ាថាយ៧:១១ថា  ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត។ ដូច្នេះ ឥឡូវនេះសូមអធិស្ឋានទួលអង្វរដល់ព្រះជាម្ចាស់។

ព្រះជាម្ចាស់ចង់ជួបពួកយើង នៅថ្ងៃនេះតាមរយៈ សេចក្ដីអធិស្ឋានរបស់យើង សូមអធិស្ឋានហើយសូមទទួលការ ឆ្លើយតបសេចក្ដីអធិស្ឋាន និង អរព្រះគុណរបស់ព្រះជាម្ចាស់។

ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា ១០ឬ​បើ​វា​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ​អី ១១ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត។ ​(ព្រះគម្ពីរម៉ាថាយ​៧:៧-១១)

ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ (ព្រះគម្ពីរ កូឡូស៤:២)

សូមចុចអានអំពីសេចក្តីអធិស្ឋាន