Home ពត៌មាន ធ្លាប់សាកល្បងធ្វើរហូតដល់1009ដង តើអ្នកមានបទពិសោធន៍បរាជ័យ ប៉ុន្មានដង?

ធ្លាប់សាកល្បងធ្វើរហូតដល់1009ដង តើអ្នកមានបទពិសោធន៍បរាជ័យ ប៉ុន្មានដង?

0

ជោគជ័យបានមកពីបរាជ័យ1008ដង

នៅភូមិហេនីប៊ីលក្នុងខេត្ដឥណ្ឌាណឺ នៅសហរដ្ឋអាមេរិច មានបុរសម្នាក់ឈ្មោះថា ហាលេនដាវីឌ សេនឌ័រ(Harland David Sanders) គាត់បានរស់នៅជាមួយឪពុកម្ដាយជាកសិករ និងមានប្អូន២នាក់ ពេលដែលគាត់មានអាយុ៥ឆ្នាំ ឪពុករបស់គាត់បានស្លាប់។

ក្រោយពេល ដែលឪពុករបស់គាត់បានស្លាប់ ម្ដាយរបស់គាត់ បានចូលធ្វើការ នៅរោងចក្រធ្វើម្ហូប ដូច្នេះគាត់បានថែរក្សាប្អូន២នាក់ ហើយធ្វើម្ហូបខ្លួនឯងផងដែរ នៅពេលគាត់អាយុ៧ឆ្នាំ គាត់ចេះធ្វើនំបុ័ង ហើយធ្វើម្ហូបផ្សេងៗពីបន្លែនិងសាច់ដែរ។

ពីព្រោះ ចាប់តាំងពីគាត់មានអាយុ១០ឆ្នាំ បានធ្វើការនៅចំការដោយទទួលបានប្រាក់ខែ 2$ ក្នុង១ខែ ហើយគាត់ជាសិស្សថ្នាក់៧ ដោយសារ គាត់ខំប្រឹងធ្វើការ មិនមានពេលវេលា គ្រប់គាន់ក្នុងការសិក្សា គាត់បានប្រឡងធ្លាក់ ហើយក៏ឈប់រៀន ម្យ៉ាងទៀត នៅពេលដែលគាត់អាយុ១២ឆ្នាំ ម្ដាយរបស់គាត់បានរៀបការម្ដងទៀត ហើយឪពុកចុងគាត់បានប្រើហិង្សាមកលើគាត់ ដូចជា វាយដំមកលើរូបគាត់ ដូច្នេះ នៅពេលដែលគាត់អាយុ១៣ឆ្នាំ គាត់បានចាកចេញពីផ្ទះ។

ចាប់តាំងពីគាត់មានអាយុ១៣ឆ្នាំ នៅក្នុងវ័យកុមារភាព គាត់បានធ្វើការកន្លែងផ្សេងៗ ដូចជាចំការ រទេសភ្លើង ការាស់សាំង ភោជនីស្ថាន និង ជាអ្នកលក់កង់ អស់រយៈពេល២៧ឆ្នាំ។

ដើម្បីរកលុយ គាត់បានធ្វើការកន្លែងផ្សេងៗ ចាប់តាំងពីព្រលឹមរហូតដល់ យប់ ទោះបី កន្លែងធ្វើការឆ្ងាយយ៉ាងណាក៏ដោយ គាត់ខំប្រឹងធ្វើការ ក៏ប៉ុន្ដែនៅតែមានជីវភាពក្រីក្រ ម្យ៉ាងទៀត នៅពេលដែលគាត់អត់មានការងារ ប្រពន្ធរបស់គាត់បានចាកចេញពីគាត់ផងដែរ។

នៅពេលដែលគាត់មានអាយុ៤០ឆ្នាំ គាត់បានជួបការលំបាកដូចនេះ ប៉ុន្ដែ ថ្ងៃមួយគាត់បានជួបឱកាសល្អ ដូចជាធ្វើម្ហូបសម្រាប់ អ្នកបើកឡាន នៅភោជនីស្ថានក្នុងការាស់សាំង នៅក្រុង នូតខូប៊ីន (North Corbin) ខេត្ដ ខេឌ័រឃី (Kentucky)។

ចំពោះអ្នកបើកឡានដែលចាក់សាំងឡាន ហើយឈប់សំរាក់បន្តិច ពួកគេបានទទួលទានម្ហូបអាហាររបស់គាត់ ហើយម្ហូបអាហារ របស់គាត់បានល្បីល្បាញ ដូច្នេះ គាត់បានក្លាយជា អ្នកទទួលខុសត្រូវ នៅភោជនីស្ថាន ក្នុងការាស់សាំង នៅក្រុងផ្សេងទៀត។

នៅពេលគាត់បានធ្វើការ ជាអ្នកទទួលខុសត្រូវ ក្នុងភោជនីស្ថានផ្សេងៗ គាត់មាននិមិត្ដចង់ក្លាយជាចៅហ្វាយក្នុងភោជនីស្ថានផងដែរ ព្រោះដោយចាប់តាំងពីគាត់មានអាយុតិច គាត់ពូកែធ្វើម្ហូប ហើយគាត់មានជំនាញដែលបំពង់សាចមាន់ពិសេស ដោយផ្សំគ្រឿមានចំនួន១១មុខ ដូច្នេះគាត់អាចចាប់ផ្ដើម បង្កើតភោជនីស្ថានដោយខ្លួនឯង។

ភោជនីស្ថានរបស់គាត់កាន់តែចំរើនឡើង ប៉ុន្ដែ ផ្លូវដែលនៅខាងមុខភោជនីស្ថានរបស់គាត់ បានផ្លាស់ប្ដូរជាផ្លូវធំ គឺ នៅសហរដ្ឋអាមេរិច គេមិនអនុញ្ញាតអោយឡាន ឬ អ្នកធ្វើដំណើរឈប់ចត់ឡើយ ពេលនោះគាត់មានអាយុ៦៥ឆ្នាំ គាត់បានបាត់បង់ ការរកស៊ីនិងទ្រពសម្បត្ដិទាំងអស់។

ពេលនោះ គាត់បានទទួលលុយ គ្រាន់តែ105$ ប៉ុណ្ណោះ មកពីរដ្ឋភិបាលអាមេរិច ដែលផ្ដល់អោយសម្រាប់មនុស្សចាស់ៗ ដែលចូលនិវត្តន៍ ចាប់តាំងពីគាត់មានអាយុតិច រហូតមកដល់ពេលនេះ គាត់មានស្ថានភាពពិបាកម្ដងហើយម្ដងទៀត ។

ប៉ុន្ដែគាត់មិនដែលអស់សង្ឃឹម ហើយមិនបោះបង់សោះ គាត់បានរក្សាទុកឆ្នាំងធំ ក្នុងឡានសម្រាប់បំពងសាច់មាន ដើម្បីគាត់អាចបង្រៀនជំនាញ បំពងសាច់មាន់ និង សុំការអនុញ្ញាតពីម្ចាស់ហាងនឹងធ្វើកិច្ចសន្យា ដើម្បីនឹងបង្កើតសាខាផ្សេងៗ គ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិច។

ដើម្បីធ្វើកិច្ចសន្យា និង បង្កើតសាខាផ្សេងៗ គ្រប់ទីកន្លែង គាត់បានស្នាក់ នៅក្នុងឡាន ហើយប្រើប្រាស់បន្ទប់ទឹកនៅការាស់សាំង ទោះបី គាត់ព្យាយាមបង្រៀនជំនាញរបស់គាត់ ប៉ុន្ដែ មិនមានអ្នកដែលទទួលជំនាញនោះ ហើយព្រមធ្វើកិច្ចសន្យានោះឡើយ។

មនុស្សជាច្រើនបានមើលងាយដល់គាត់ ដែលមានអាយុច្រើន ដូចជាជះទឹកកខ្វក់ ប៉ុន្ដែ គាត់សម្រេចចិត្ដថា ទោះបី មានការលំបាក យ៉ាងណាក៏ដោយ ខ្ញុំនឹងតស៊ូយកជ័យជំនះអោយបាន។

គាត់បានទំនាក់ទំនង ជាមួយម្ចាស់ហាងចំនួន1008 កន្លែងអស់រយៈពេល៣ឆ្នាំ ដើម្បីសុំធ្វើកិច្ចសន្យា និង បង្កើតសាខា ប៉ុន្ដែ គាត់មិនបានយល់ព្រម ពីពួកម្ចាស់ហាងនោះទេ ទោះបីគាត់មានការលំបាកបែបនោះ គាត់មិនដែលគិតថា ខ្ញុំនឹងបរាជ័យ ដោយព្រោះ  ម្ហូបរបស់ខ្ញុំមិនល្អនោះទេ ហើយចុងក្រោយពេល ដែលគាត់មានអាយុ៦៨ឆ្នាំ គាត់បានទទួលកិច្ចសន្យា ជាលើកដំបូងពីម្ចាស់1009ដងនោះ។

បើលក់សាច់មាន់បំពង់១ដុំ គាត់បានទទួលបា្រក 0.04$ ស្មើលុយខ្មែរ 160៛ ហើយគាត់បានដាក់ឈ្មោះសាច់មាន់បំពងនោះថា ខេឌ័រឃី​ហ្វាយ ជីខេន(Kentucky Fried Chicken) គឺជាឈ្មោះហាងលើកដំបូងនោះ  ហើយសព្វថ្ងៃនេះឈ្មោះថា ខេហ្វេសស៊ី(KFC)។

បច្ចុប្បន្ននេះ មានហាង ខេហ្វេសស៊ី(KFC) ជាច្រើន និង បានបង្កើតសាខា ចំនួន20,000 កន្លែង ហើយនៅក្នុងប្រទេសផ្សេងៗ មានចំនួន123 ប្រទេសហើយរូបរាងលោកតា ដែលស្លៀកពាក់អាវពណ៌ស និង ញញឹម គឺ តុបតែងជាហាងបំពង់សាច់មាន់ ដែលឈ្មោះថា ខេហ្វេសស៊ី(KFC) ។

គាត់បាននិយាយថា មានមនុស្សច្រើន ដែលមានគំនិតល្អ ប៉ុន្ដែមានមនុស្សតិច ដែលបានសម្រេចតាមគំនិតនោះ។

ទោះបីខ្ញុំមានការលំបាកខ្លាំង ក៏ដោយខ្ញុំមិនដែលបោះបង់ចោល និមិត្ដរបស់ខ្ញុំ ខ្ញុំព្យាយាមខំប្រឹង ដើម្បីសម្រេចនិមិត្ដរបស់ខ្ញុំ ហើយបទពិសោធន៍ដែលជួបបរាជ័យ គឺ ជាមេរៀនជីវិត ដែលរស់នៅក្នុងលោកីយនេះ។

បើមានស្ថានភាពលំបាក សូមកុំគិតអំពីស្ថានភាពនោះ សូមមាននិមិត្ដហើយព្យាយាម ដើម្បីសម្រេចនិមិត្ដនោះ ក្រោយជួបការលំបាក យើងនឹងទទួលបានជោគជ័យក្នុងជីវិត។

គាត់បានជោគជ័យ ដោយសារជំនាញធ្វើម្ហូប បំពងសាច់មាន់ ដែលទទួលការបៀតបៀនពីមនុស្សដទៃជាច្រើន គាត់បានប្រាប់មនុស្សជាច្រើនថា ការងាររបស់អ្នកមានតំលៃ គឺជាការសំខាន់សម្រាប់អ្នក។

គាត់ជាគ្រីស្ទបរិស័ទពេលដែលគាត់មានអាយុ៦៥ឆ្នាំ គាត់បានទទួលការអស្ចារ្យ បើទោះបី គាត់ជួបរឿងបរាជ័យរហូតដល់1008ដង ក៏ដោយ ប៉ុន្ដែ គាត់បានទទួលជោគជ័យ លើកទី១ នៅពេលដែលគាត់បានជួបម្ចាស់ហាងលើកទី 1009ដង គាត់បានទទួល កិច្ចសន្យា តាមរយៈ ការតាំងចិត្ដនិងមានសេចក្ដីសង្ឃឹម Never Give Up! កុំបោះបង់និមិត្ដរបស់អ្នក។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា បើ​អាច​នឹង​ជឿ​បាន នោះ​ការ​ទាំង​អស់​នឹង​សំរេច​បាន ដល់​អ្នក​ណា​ដែល​ជឿ (ព្រះគម្ពីរ ម៉ាកុស ៩៖២៣)

តែ​បើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។ (ព្រះគម្ពីរ ហេព្រើរ ១១៖៦)

សូមចុចអានអំពីសេចក្តីអធិស្ឋាន

Exit mobile version