ខ្ញុំឈ្មោះ ថុង ប៊ុនធឿន នៅឆ្នាំ២០០០ខ្ញុំបានធ្វើចំការ និង
ជួបគ្រោះថ្នាក់ ផ្ទុះមីនក្នុងចំការធ្វើអោយស្មារបស់ខ្ញុំបានឈឺ ខ្ញុំធ្លាប់បានទៅព្យាបាល នៅមន្ទីរពេទ្យ ប៉ុន្តែ មិនជាសះស្បើយ ហើយរកមិនឃើញ អំពីមូលហេតុបណ្តាលឲ្យឈឺស្មានោះទេ ដូច្នេះ ខ្ញុំក៏មិន ដឹងធ្វើយ៉ាងម៉េចដែរ មានតែកាត់បន្ថយធ្វើការងារធ្ងន់ៗតែប៉ុណ្ណោះ។
ក្រោយបានជួបគ្រោះថា្នក់ ខ្ញុំចូលមកធ្វើការក្នុងក្រុមហ៊ុន ដែលបង្កើតដោយបេសកជន ដើម្បីជួយដល់អ្នកពិការ ដែលគ្រោះថ្នាក់ដោយសារគ្រាប់មីន ខ្ញុំបានស្គាល់ព្រះយេស៊ូវតាមរយៈក្រុមហ៊ុននោះថា ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ និង ព្យាបាលអស់ទាំងជំងឺបានដោយអំណាចចេស្តារបស់ព្រះជាម្ចាស់ ខ្ញុំបានដាក់ចិត្តថ្វាយទៅព្រះជាម្ចាស់ និង ទទួលពិធីជ្រមុជទឹក ដើម្បីទទួលយកការសង្រ្គោះមកពីទ្រង់ នៅឆ្នាំ២០០៦ ចាប់ពីពេលនោះ មកខ្ញុំបានរៀនស្គាល់ទ្រង់ និងព្រះវិញ្ញាណបរិសុទ្ធ ហើយបានអធិស្ឋាន សូមឲ្យទ្រង់ព្យាបាលស្មារបស់ខ្ញុំ និង ព្យាបាលបងប្អូនរួមការងារផ្សេងៗទៀតដែលមានជំងឺ។
ថ្ងៃមួយក្នុងឆ្នាំ២០០៨ ខ្ញុំបានទៅចូលរួមសិក្ខាសាលាស្តី អំពី ធ្វើជំនួញរបស់រីស្ទបរិស័ទ្ធ ដើម្បីបំរើព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ ពេលនោះខ្ញុំបានលាតដៃដោយសេចក្តីជំនឿ ពេលនោះខ្ញុំមានអារម្មណ៍ថា ខ្លួនរបស់ខ្ញុំ ចាប់ផ្តើមព្រឺខ្លួន ហើយព្រះជាម្ចាស់បានបើកសំដែងការអស្ចារ្យ ព្យាបាលស្មារបស់ខ្ញុំបានជា ចាប់ពីពេលនោះមកស្មារបស់ខ្ញុំលែងឈឺទៀត មិនថាខ្ញុំធ្វើការធ្ងន់ដូចមុនឬអត់នោះទេ ខ្ញុំចាប់ផ្ដើមសព្វផ្សាយដំណឹងល្អ ដល់អ្នកដទៃថា ទ្រង់គឺជា ព្រះសង្គ្រោះ ទ្រង់ជាព្រះដែលមានព្រះជន្មរស់ ហើយមានអំណាចលើសេចក្ដីស្លាប់ និង ព្យាបាលរាល់ជំងឺគ្រប់ប្រភេទព្រមទាំង ប្រោសមនុស្សស្លាប់ អោយរស់ឡើងវិញ។
ឥឡូវនេះ ខ្ញុំបានក្លាយខ្លួនទៅជាអ្នកដឹកនាំម្នាក់ នៅក្នុងក្រុមជំនុំ ហើយខ្ញុំតែងតែនាំបងប្អូន នៅក្រុមជំនុំទៅផ្សាយដំណឹងល្អ អំពីព្រះយេស៊ូវ ជារៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ។

រួចទ្រង់មានបន្ទូលទៅមនុស្សនោះថា ចូរលាតដៃអ្នកទៅ គាត់ក៏លាត ហើយដៃនោះបានជា ដូចដៃម្ខាង។ (ព្រះគម្ពីរ ម៉ាថាយ១២:១៣)

សូមចុចអានអំពីសេចក្តីអធិស្ឋាន