ខ្ញុំទទួលជឿលើព្រះយេស៊ូវហើយ ក្លាយជានិស្សិតពេទ្យ

ខ្ញុំបាទឈ្មោះ  ឈន ចំរឿន ភេទប្រុស អាយុ ១៩ ឆ្នាំ ជានិស្សិតឆ្នាំទី១ នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ទីកន្លែងកំណើត របស់ខ្ញុំគឺ ភូមិក្រោល ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូន ៤ នាក់ ហើយខ្ញុំជាកូនទី ៤ ដែលរស់នៅ ក្នុងក្រុមគ្រួសារជាកសិករមួយនៅតាមជនបទ ពេលមុនគ្រួសារខ្ញុំ ស្ថិតក្នុងស្ថានភាពលំបាកដោយសារឪពុករបស់ខ្ញុំ គាត់បានលែងល្បែងស៊ីសង ប៉ុន្ដែឥឡូវ គាត់បានទទួលជឿលើព្រះយេស៊ូវ ហើយស្ថានភាពគ្រួសាររបស់ខ្ញុំ បានផ្លាស់ប្ដូរ ឪពុករបស់ខ្ញុំ បានក្លាយជាអ្នកដឹកនាំ ក្នុងក្រុមជុំនំទន្លេជីវិត ហើយបងប្រុសបងស្រីរបស់ខ្ញុំ បានរៀននៅសាកលវិទ្យាល័យ និង បានបញ្ចប់ទាំងអស់គ្នា បងស្រីទី១ បានបញ្ចប់សាលាព្រះគម្ពីរ ហើយកំពុងធ្វើការ ជាមួយបេសកជនកូរ៉េ ហើយបងប្រុសក៏បានបញ្ចប់សាកលវិទ្យាល័យ​ ហើយបំរើការងារ ក្នុងអង្គការដើម្បីភាពញញ្ញឹមនៃកុមារ ផ្នែកអាយធី ហើយបងស្រីទី២ បានធ្វើការបណ្ដើររៀនបណ្ដើររហូតបញ្ចប់ នៅសាកលវិទ្យាល័យ ផ្នែកទំនាក់ទំនងភាសាអង់គ្លេស ហើយ នៅពេលនេះ គាត់កំពុងធ្វើការ ក្នុងអង្គការតំលៃស្រី្ដ និង កំពុងសិក្សាភាសាថៃបន្ថែម នេះជាព្រះគុណនិងព្រះពរដ៏ធំ សម្រាប់គ្រួសាររបស់ខ្ញុំ។ ខ្ញុំបានទទួលជឿលើព្រះយេស៊ូវ និង ដើរតាមព្រះអង្គ ហើយទ្រង់តែងតែធ្វើការអស្ចារ្យក្នុងជីវិតរបស់ខ្ញុំ ខ្ញុំធ្លាប់ជាអ្នកបំរើព្រះ ផ្នែកសរសើរតម្កើង និង លេងហ្គីតា នៃព្រះវិហារទន្លេជីវិតភូមិក្រោល  ។ ខ្ញុំចង់ចែករំលែកបទពិសោធន៍មួយចំនួនរបស់ខ្ញុំអំពីព្រះជាម្ចាស់ ដល់ បងប្អូន   គ្រួសាររបស់ខ្ញុំបានទទួលជឿលើព្រះយេស៊ូវ ជាហេតុធ្វើឱ្យ ខ្ញុំរស់នៅជាមួយព្រះយេស៊ូវ តាំងពីខ្ញុំនៅតូចៗមកម្លេះ។ ​នៅពេលដែលខ្ញុំត្រូវការនូវអ្វីដែលខ្ញុំចង់បានខ្ញុំតែងតែអធិស្ឋាន ទៅកាន់ព្រះយេស៊ូវ ថ្ងៃមួយខ្ញុំត្រូវការហ្គីតាដើម្បីលេង សរសើរតម្កើង ព្រះជាម្ចាស់ ខ្ញុំក៏អធិស្ឋានទៅកាន់ព្រះវរបិតា ដើម្បីទ្រង់ជួយដល់ខ្ញុំ រយៈពេលមួយឆ្នាំ ក្រោយមក ព្រះទ្រង់បានប្រទានហ្គីតា១ យ៉ាងស្រស់ស្អាតដល់ខ្ញុំ តាមរយៈជនជាតិកូរ៉េ ហើយខ្ញុំបាន ខំប្រឹងរៀនលេងវារហូត អាចលេងសរសើរដំកើងព្រះ ដោយលេងហ្គីតាបាន ហើយរឿងមួយទៀត សម្រាប់ជីវិតខ្ញុំគឺការប្រឡងបាក់ឌុប ខ្ញុំក៏បានអធិស្ថានទៅកាន់ព្រះយេស៊ូវទៀតថា ព្រះអង្គអើយ ទូលបង្គំចង់ប្រឡងជាប់បាក់ឌុប បើទោះបី ខ្ញុំគ្មានលុយ ដើម្បីរៀនគួរដូចសិស្សដទៃក៏ដោយ ខ្ញុំតែងតែខំប្រឹងរៀនដោយខ្លួនឯង ហើយខ្ញុំទុកចិត្ដលើព្រះយេស៊ូវជានិច្ច ថា ទ្រង់នឹងប្រទានពរដល់ខ្ញុំ ក្រោយមកព្រះជាម្ចាស់ក៏ឆ្លើយតបសេចក្ដីអធិស្ឋានរបស់ខ្ញុំមែន គឺ ទ្រង់ប្រទានឱ្យខ្ញុំបានប្រឡងជាប់បាក់ឌុប បន្ទាប់ពីប្រឡងបាក់ឌុបរួច ព្រះអង្គបានឱ្យខ្ញុំធ្វើការបំរើប្រទេសជាតិ រយៈពេល ៣ ខែ នៃការ ចុះឈ្មោះបោះឆ្នោត ( ក.ច.ប) បំរើការងារផ្នែកកំព្យូទ័រ ក្នុងឃុំរបស់ខ្ញុំផ្ទាល់។ តាំងពីតូចមក ខ្ញុំមានគោលបំណង ចង់ធ្វើជាលោកគ្រូពេទ្យមួយរូប សម្រាប់ព្យាបាលដល់ មនុស្សទាំងអស់ឱ្យបានជាពីរោគផ្សេងៗ ក៏ដូចជាគ្រូពេទ្យទី២ បន្ទាប់ពីព្រះយេស៊ូវជាគ្រូពេទ្យទី ១ សម្រាប់មនុស្សយើង ។ នៅក្នុងអំឡុងពេលដែលខ្ញុំធ្វើការជាមន្ត្រី ក.ច.ប ខ្ញុំបានមកដាក់ពាក្យប្រឡងថ្នាក់ជាតិផ្នែកវិជ្ជៈបណ្ឌិត នៅរាជធានីភ្នំពេញ បន្ទាប់មកខ្ញុំក៏បានសំណូមពរ ដល់ក្រុមជុំនំទន្លេជីវិត ភូមិក្រោលរបស់ខ្ញុំ ឱ្យជួយអធិស្ឋាន ដើម្បីសូមឱ្យព្រះអង្គបានជួយអោយខ្ញុំប្រឡងជាប់ ប៉ុន្មានថ្ងៃក្រោយមកទៀតខ្ញុំក៏បានមកប្រឡង។  នៅពេលប្រកាសលទ្ធផលព្រះអង្គបានឆ្លើយតបនឹងការអធិស្ឋានរបស់ ពួកជុំនំរបស់ខ្ញុំនិងរូបខ្ញុំ ព្រះជាម្ចាស់ ក៏បានឱ្យខ្ញុំប្រឡងជាប់ផ្នែក វិជ្ជៈបណ្ឌិត  ខ្ញុំក៏បានបន្តការសិក្សផ្នែកវិជ្ជៈបណ្ឌិត នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម។ ខ្ញុំដឹងថាសម្ថភាពនៃគ្រួសារខ្ញុំមិនមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់បញ្ចប់នូវការសិក្សាផ្នែកវិជ្ជៈបណ្ឌិតរបស់ខ្ញុំទេតែខ្ញុំជឿ និង ទុកចិត្តលើព្រះយេស៊ូវថា ទ្រង់នឹងឆ្លើយតប និង ជួយដល់ខ្ញុំ ដូចបងប្អូនបានអានអត្ថបទខាងលើនេះដែរ ព្រះអង្គតែងតែ ផ្គត់ផ្គង់នូវអ្វីដែលខ្ញុំត្រូវការនិងខ្វះខាត ព្រះអង្គមាន សេចក្ដីស្រលាញ់ខ្លាំងណាស់ ចំពោះយើងរាល់គ្នា ដូច្នេះ សូមបងប្អូនបានជឿលើព្រះយេស៊ូវ និង ដើរតាមទ្រង់ចុះនោះបងប្អូន នឹង ទទួលបាននូវ សេចក្ដីស្រលាញ់ពីទ្រង់ ហើយព្រះអង្គទ្រង់ នឹងជួយបងប្អូននូវអ្វីដែលបងប្អូនត្រូវការជាមិនខាន លើសពីនេះ ទៅទៀតបងប្អូន នឹងទទួលបានសេចក្ដីសង្រ្គោះពីព្រះអង្គផងដែរ គ្រាន់តែបងប្អូនជឿលើព្រះយេស៊ូវ និង ដើរតាមព្រះអង្គចុះ។

តើ​អ្នក​ណា​បាន​ធ្វើ​ហើយ​សំរេច​ការ​នេះ ដោយ​ហៅ​អស់​ទាំង​ដំណ​មនុស្ស​តាំង​ពី​ដើម​មក គឺ​អញ យេហូវ៉ា​នេះ ដែល​ជា​ដើម ហើយ​ជា​អ្នក​នៅ​ជា​មួយ​នឹង​មនុស្ស​ជាន់​ក្រោយ​បង្អស់​ដែរ គឺ​អញ​នេះ​ហើយ (ព្រះគម្ពីរ អេសាយ ៤១:៤)
កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង (ព្រះគម្ពីរ ភីលីព ៤:៦)

សូមចុចអានអំពីសេចក្តីអធិស្ឋាន